ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាន ១,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ២ ខែដំបូងឆ្នាំ២០២៣


ក្នុងរយៈពេល ២ ខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ១,៧ ពាន់លានដុល្លារ ដែលបានធ្លាក់ចុះ ១៥% ធៀបទៅនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន យោងតាមរបាយការណ៍ ចេញពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ ដោយប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្ម ធំជាងគេបំផុតរបស់កម្ពុជា ខណៈដែលសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ វៀតណាម លំដាប់ទី៣ និងថៃ ស្ថិតនៅលំដាប់ទី៤។

របាយការណ៍ពីនាយកដ្ឋានគយ និងរដ្ឋករ បានបង្ហាញថា រយៈពេល ២ ខែដើមឆ្នាំ២០២៣ ពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិមានទំហំជាង ៦,៨ ពាន់លានដុល្លារ ដោយក្នុងនោះ ពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំ ១,៧ ពាន់លានដុល្លារ ឬស្មើនឹង ២៤% នៃទំហំពាណិជ្ជកម្មអន្តរជាតិ សរុបរបស់កម្ពុជា។ កម្ពុជា បាននាំចេញទំនិញជាច្រើន ទៅកាន់ប្រទេសចិន ដែលភាគច្រើនជា ផលិតផលកសិកម្ម រួមមាន ស្រូវអង្គរ ចេក ស្វាយស្រស់ ដំឡូងមី ត្រីសាច់ និងសម្លៀកបំពាក់ផងដែរ។ ចំណែកភាគីប្រទេសចិន បាននាំចូលទំនិញមកកម្ពុជាវិញ មានដូចជា វត្ថុធាតុដើមកាត់ដេរ គ្រឿងម៉ាស៊ីន រថយន្ដ គ្រឿងឧបគោគបរិភោគ គ្រឿងអេឡិចត្រូនិច និងម៉ាស៊ីន -ល-។

សន្ទុះនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានការថយចុះជាងឆ្នាំមុន ដោយសារតែវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាមិញ នៅដើមឆ្នាំ២០២៣ ការបើកប្រទេសចិនឡើងវិញ ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាមួយប្រទេសកម្ពុជា ក៏នឹងមានប្រសើរឡើង ជាបន្ដបន្ទាប់ផងដែរ។ ម្យ៉ាងទៀត កម្ពុជា មានគម្រោងបង្កើត មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន នៅទីតាំងចំនួន ៥ ក្នុងប្រទេសចិន ក្នុងឆ្នាំ២០២៣ ដើម្បីជួយផ្សព្វផ្សាយ ផលិតផលដែលមានសក្ដានុពល និងទាក់ទាញការវិនិយោគ ពីប្រទេសចិន។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនៃ ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូរសេដ្ឋកិច្ចក្នុងតំបន់ (RCEP) ដែលបានចូលជាធរមាន កាលពីដើមឆ្នាំ២០២២ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកទីផ្សារបន្ថែមទៀត សម្រាប់ផលិតផលកម្ពុជា ជាពិសេសលើ ផលិតផលកសិកម្ម មិនត្រឹមតែទៅកាន់ទីផ្សារប្រទេសចិន ប៉ុណ្ណោះទេ ថែមទាំងទាក់ទាញ វិនិយោគិនពីប្រទេសចិន មកកម្ពុជាផងដែរ។