នៅពីក្រោយការធ្វើដំណើរតាមផ្លូវអាកាសដ៏មមារញឹកនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយក្រុមហ៊ុនឯកជន វិនិយោគទឹកប្រាក់ជាង ១,៥០០ ដុល្លារ សាងសង់ព្រលានយន្ដហោះភ្នំពេញថ្មីមួយ ដែលមានទំហំធំដល់ ២,៦០០ ហិកតា ជាអាកាសយានដ្ឋានខ្នាតអន្តរជាតិកម្រិត 4F បើគិតពីទំហំគឺលំដាប់ទី ៩ លើពិភពលោក ដើម្បីទាក់ទាញការហោះហើរអន្តរជាតិ និងស្រូបទាញក្រុមហ៊ុនអាកាសចរណ៍ធំៗ ព្រមទាំងអាចចុះចតយន្ដហោះខ្នាតធំប្រភេទ Airbus 380 ដល់ Airbus 800 និងយន្ដហោះ Boeing 737 ដល់ Boeing 800 សម្រាប់ហោះឆ្លងទ្វីបផងដែរ។
អញ្ចឹង អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវប្រើប្រាស់យ៉ាងណាវិញ?
បន្ទាប់ពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានលេចរូបរាងជាបណ្ដើរៗមក មានពាក្យចរចាមអារាមជាច្រើនថា អាកាសយានដ្ឋានពោធិ៍ចិនតុងអាចនឹងត្រូវបិទទ្វារ ហើយវិនិយោគទៅជាតំបន់អភិវឌ្ឍន៍ថ្មីវិញ។ ឆ្លើយតបជុំវិញរឿងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ (ពោធិ៍ចិនតុង) នៅរក្សាទុកដដែល ដោយមិនមានការវិនិយោគទៅជាទីក្រុងរណបអ្វីនោះទេ បើទោះជាអាកាសយានដ្ឋានថ្មីជាមូលដ្ឋានហោះហើរគោលក៏ដោយ។ ចំណែកការវិនិយោគអាកាសយានដ្ឋានថ្មី គឺដោយសារតែទំហំអាចាស់នោះវាតូចពេក មិនអាចពង្រីកវិសាលភាពក្នុងការហោះហើរអន្តរជាតិបានធំទូលាយឡើយ។
យ៉ាងណាមិញ បន្ទាប់ពីសម្ពោធដំណើរអាកាសយានដ្ឋានថ្មីនៅឆ្នាំ ២០២៣ ប្រតិបត្តិការនៅអាកាសយានដ្ឋានពោធិ៍ចិនតុង នឹងមានមុខងារតិចជាងមុន ដោយរាជរដ្ឋាភិបាលគម្រោងនឹងប្រើប្រាស់វាក្នុងកិច្ចការសំខាន់ៗ ៤ រួមមាន៖
១. ជាព្រលានយោធាកងទ័ព ព្រោះទីនោះស្ថិតនៅជាមួយមូលដ្ឋានទ័ពអាកាស ដែលនៅរក្សាជាព្រលានយន្ដហោះយោធាដដែល មិនមានការរុះរើមូលដ្ឋានទៅតំបន់ផ្សេងឡើយ។
២. ការហោះហើរក្នុងប្រទេស ដែលនឹងលើកកម្ពស់ឲ្យប្រជានជនកម្ពុជាប្រើប្រាស់ការហោះហើរក្នុងស្រុកកាន់តែច្រើន ព្រោះរាជរដ្ឋាភិបាលកំពុងព្យាយាមសិក្សាលើការសាងសង់អាកាសយានដ្ឋានជាតិជាច្រើនកន្លែងទៀត ដូចជានៅ ខេត្តបាត់ដំបង និងរតនគិរី ដូចនេះការធ្វើដំណើរក្នុងស្រុកនឹងមានភាពងាយស្រួល រហ័សជាងមុន។
៣. ប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញអន្តរជាតិតាមផ្លូវអាកាស ដែលយើងហៅថា Cargo មានភាពលឿនរហ័សជាងផ្លូវទឹក។
៤. ប្រើប្រាស់សម្រាប់អាហ្សិតផ្លាយ ប្រាយវេតសិត គឺបានសេចក្តីថានៅក្នុងតំបន់របស់យើងគេមានយន្តហោះច្រើនណាស់ខ្វះកន្លែងដាក់ យើងអាចរៀបចំមូលដ្ឋាន គេអាចយកយន្តហោះមកផ្ញើរនៅកន្លែងយើង បើយើងមានមូលដ្ឋានល្អ ហើយសម្រាប់ការអញ្ជើញមកដល់នៃឥស្សរជនជាន់ខ្ពស់ ដូចជា ព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ជានាយករដ្ឋមន្រ្តីមកទស្សនះកិច្ចនៅកម្ពុជាគឺចុះនៅពោធិ៍ចិនតុងដដែល។
អាកាសយានដ្ឋានពោធិ៍ចិនតុង ជាព្រលានយន្ដហោះដំបូងគេនៅកម្ពុជា ដែលបានសាងសង់នៅឆ្នាំ ១៩៥៧ និងសម្ពោធប្រើប្រាស់នៅឆ្នាំ ១៩៥៩ លើទំហំដី ៤០០ ហិកតា ក្រោមការគ្រប់គ្រងវិនិយោគដោយបារាំង។ មកដល់ពេលនេះ អាកាសយានដ្ឋានពោធិ៍ចិនតុង នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការហោះហើរអន្តរជាតិ ក្នុងទទួលបានអ្នកដំណើរខ្ទង់ ៥ លាននាក់ក្នុងមួយឆ្នាំៗ ថែមទាំងមានមូលដ្ឋានទ័ពអាកាសនៅទីនោះផងដែរ។