ព្រឹត្ដិការណ៍ព្រះច័ន្ទពេញវង់ធំបំផុត “Supermoon” ប្រចាំឆ្នាំ នឹងកើតមាននៅក្នុងពេល យប់រំលងអាធ្រាតថ្ងៃទី ១៣ ឈានចូល ១៤ កក្កដា ខាងមុខនេះ


យោងតាមការចុះផ្សាយ របស់គេហទំព័រ Space.com បានឲ្យដឹងថា នៅថ្ងៃពុធ ទី 13 កក្កដា ឆ្នាំ 2022 ដែលត្រូវនឹងវេលាម៉ោង 1:37 នាទី រំលងអធ្រាត ឈានចូលថ្ងៃទីថ្ងៃព្រហស្បតិ៍ ទី 14 ខែ កក្កដា ឆ្នាំ 2022 សម្រាប់ប្រទេសកម្ពុជារបស់យើង នឹងមានព្រឹត្ដិការណ៍មួយ ដែលហៅថា Supermoon ឬព្រះច័ន្ទរះ ពេញវង់ធំបំផុត នឹងកើតមានឡើង។ ព្រឹត្ដិការណ៍ Supermoon នេះ គឺជាពេលដែល ព្រះច័ន្ទគោចរ មកជិតផែនដីបំផុត ក្នុងរយៈចម្ងាយប្រមាណជា 357,264 គីឡូម៉ែត្រ ពីផែនដី។

ក្នុងព្រឹត្ដិការណ៍ Supermoon នេះ យើងនឹងអាចមើលឃើញ ព្រះច័ន្ទមានទំហំធំជាង ពេលសព្វមួយដង រហូតដល់ទៅ 14% ឯណោះ លើសពីនេះទៅទៀត សូម្បីតែពន្លឺរបស់វា ក៏នឹងភ្លឺជាងមុន 30% ផងដែរ។ ក្រៅពីនេះ យោងតាមគេហៈទំព័រ Space.com ដដែល បានឲ្យដឹងថា ព្រឹត្ដិការណ៍ Supermoon នេះ ក៏នឹងអាចបន្ថែមឥទ្ធិពល ដល់ជំនោរទៀតផង ពោលគឺវាអាចនឹង បណ្តាលឱ្យ មានរលកសមុទ្រខ្ពស់ ឬទាបជាងធម្មតា ហើយព្យុះនៅឆ្នេរសមុទ្រ ក៏អាចកើតមានខ្លាំង បន្ថែមទៀតផងដែរ។

សរុបមក នៅក្នុងយប់ថ្ងៃទី 13 ឈានចូលយប់រំលងអធ្រាត ថ្ងៃទី 14 វេលាម៉ោង 1:37 នាទីអធ្រាតតទៅ សូមកុំភ្លេចចេញទៅ ទស្សនាទដ្ឋិភាព ព្រះច័ន្ទពេញវង់ធំបំផុត ឬហៅថា Supermoon នេះទាំងអស់គ្នា។ ដោយឡែកសម្រាប់អ្នក ដែលខកខាន ឬមិនអាចរងចាំទស្សនាបាន ក៏កុំបារម្ភអីព្រោះថា យោងតាមអតីតតារាវិទូ របស់អង្គការ NASA លោកបណ្ឌិត Fred Espenak បានព្យាករណ៍អំពីព្រឹត្ដិការណ៍ ព្រះច័ន្ទពេញវង់ធំបំផុតនេះ ក្នុងចន្លោះពីឆ្នាំ 2000 ដល់ឆ្នាំ 2100 ខាងម្ល៉េះ ដោយក្នុងឆ្នាំខ្លះមានអាច នឹងមានព្រឹត្ដិការណ៍ supermoons ដល់ទៅ 3 ខណៈឆ្នាំផ្សេងទៀត អាចមានរហូត 4 ដង ដូចជាឆ្នាំ 2022 នេះ ហើយក្នុងករណីមួយចំនួន ដូចក្នុងឆ្នាំ 2029 ដល់ 2033 អាចនឹងមានច្រើន រហូតដល់ទៅ 5 ដងឯណោះ។