ចូលចិត្តហែលទឹកមែនទេ? ទីក្រុងល្បីៗទាំងនេះ នឹងផ្តល់កន្លែងហែលទឹកដ៏ស្អាតបំផុតសម្រាប់អ្នក!

សម្រាប់អាកាសធាតុក្តៅបែបនេះ ពិតជាធ្វើឲ្យមនុស្សមួយភាគធំ នៅមិនសុខខ្លួនោះទេ ពិសេសទៅលើមនុស្សដែលចូលចិត្តងូតទឹក និងនិយមទៅហែលទឹក នៅតាមកន្លែងហាត់ប្រាណ ឬនៅតាមកន្លែងរមណីយដ្ឋានណាមួយ។ មនុស្សខ្លះទៀត គាត់យកការហែលទឹកនេះ ជាការហាត់ប្រាណ ឬលំហែអារម្មណ៍របស់គាត់។

 

សម្រាប់នៅក្នុងថ្ងៃនេះ គេហទំព័រ Cambodia Property Report នឹងនាំអារម្មណ៍អ្នកទាំងអស់គ្នា មកស្គាល់ទីក្រុងល្បីៗមួយចំនួន នៅក្នុងពិភពលោក ដែលអាចផ្តល់កន្លែងហែលទឹក ដ៏ស្អាតបំផុតសម្រាប់អ្នក។ ដូចនេះសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត ហើយចូលចិត្តហែលទឹកលេងទៀតនោះ អត្ថបទនេះ ជាអ្វីដែលអ្នកត្រូវការហើយ!!

 

1. Copenhagen, ប្រទេសដាណាម៉ាក

 

Copenhagen គឺជាទីក្រុងដែលហ៊ុំព័ទ្ធទៅដោយទឹក និងកន្លែងហែលទឹកសប្បាយៗជាច្រើន ជាពិសេសនៅកំឡុងពាក់កណ្តាលរដូវរងារ និងរដូវត្រជាក់ ដែលអាចនឹងផ្តល់ការចងចាំល្អៗដល់អ្នក។ 

 

ឧទ្យាន Amager Beach គឺជាកន្លែងដ៏ឥតខ្ចោះ សម្រាប់ការហែលទឹក និងសំដិល នៅពេលថ្ងៃរសៀល។ វាគឺជាកោះសុប្បនិម្មិត ប្រវែង 2គីឡូម៉ែត ដែលអាចបង្កើតជាអាងស្តុកទឹកដ៏ល្អ ព្រមទាំងមានទេសភាពយ៉ាងស្រស់ស្អាតព័ទ្ធនៅជុំវិញ។ ក្រៅពីនេះក៏មានកោះមួយចំនួនទៀតផងដែរ ដែលមានទឹកស្អាត និងត្រជាក់ល្អនៅក្នុងទីក្រុងនេះ គឺ Brygge និង Fisketorvet។

 

2. Zurich, ប្រទេសស្វីស

 

ទីក្រុង Zurich របស់ស្វីស ផ្តល់នូវកន្លែងងូតទឹកដល់ទៅ 18 កន្លែង មានទឹកត្រជាក់ថ្លា និងព័ទ្ធជុំវិញដោយបរិយាកាសស្រស់ស្អាត គួរឲ្យភ្ញាក់ផ្អើល។ នៅតាមឆ្នេរហែលទឹក Tiefenbrunnen ជាពិសេសនៅលើឆ្នេរនៃ បឹង Zurich គឺចម្រុះទៅដោយអាងហែលទឹកតូចៗជាច្រើន ដែលអាចឲ្យអ្នកផ្លាស់ប្តូរ បរិយាកាស និងបទពិសោធន៍ក្នុងការហែលទឹក ជ្រមុជទឹក ហើយមានអ្នកមកម៉ាស្សាឲ្យ ពេលដែលហែលទឹកនឹងទៀតផង។ ក្រៅពីនេះមានអាងហែលទឹកនៅជាប់ឆ្នេរទន្លេ Schanzengraben និងអាងទឹកសុប្បនិម្មិត Stadthausquai។

 

3. ទីក្រុងឡុងដ៏, ចក្រភពអង់គ្លេស

 

 

ទីក្រុងឡុងដ៏ ក៏ជាទីក្រុងដែលផ្តល់អាងហែលទឹកទំនើបៗជាច្រើនផងដែរ ដូចជានៅក្នុងតំបន់ Thames និងអាងហែលទឹកខ្លះទៀត កើតដោយខ្លួនឯងនៅពេលដែលរដ្ឋធានីនេះ ធ្លាប់បានលិចទឹក។ ក្រៅពីនេះបើឆ្ពោះទៅតាមភាគខាងជើង អ្នកនឹងបានឃើញរមណីយដ្ឋាន Hampstead Heath ជាមួយនឹងអាងហែលទឹកថ្លា និងមានជាការរៀបចំ បែបសួនច្បារធម្មជាតិទៀតផង។ ដោយឡែកនៅតំបន់ Bec Lido នៃភាគនិរតីវិញ ក៏មានអាងហែលទឹកធំ ដែលមានទំហំដល់ទៅ 91 ម៉ែត្រឯណោះ សាកសមបំផុត សម្រាប់អ្នកដែលចូលចិត្តការហែលទឹកនេះ ទាំងបែបប្រណិត និងស្រស់ស្អាត។ ក្រៅពីនេះក៏មាននៅរមណីយដ្ឋាន Central Hyde ដែលស្ថិតនៅតំបន់ Lido ដែលមានកន្លែងហែលទឹកស្រស់ស្អាតជាច្រើន។

 

4. Hong Kong

វាគឺជារឿងសាមញ្ញទៅហើយ សម្រាប់ប្រជាជនរស់នៅទីនេះ ជាពិសេសនៅក្នុងរដូវក្តៅ ដែលមនុស្សត្រូវតែចុះងូត និងត្រាំទឹក។ នៅរមណីយដ្ឋាន Repulse Bay ដែលមានឆ្នេរស្រស់ស្អាតជាច្រើន ជាមួយនឹងខ្សាច់ពណ៌សក្បុស សាកសមសម្រាប់អ្នកដែលចូលចិត្តហែលទឹកនេះណាស់។ ក្រៅពីនេះ សណ្ឋាគារមួយភាគធំរបស់ហុងកុង សុទ្ធតែមានអាងហែលទឹកទំនើប ដែលអ្នកនឹងមិនពិបាករកកន្លែងហែលទឹកឡើយ។

 

5. Vancouver, ប្រទេសកាណាដា

 

ទីក្រុង Vancouver ត្រូវបានគេចាត់ទុកថា វាគឺជាទីក្រុងដ៏ល្អបំផុតមួយរបស់កាណដា ទាំងរចនាសម្ព័ន្ធខាងក្រៅ និងក្នុង សម្បត្តិធម្មជាតិ និងជាពិសេសនោះ គឺជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅក្នុងទីក្រុងនេះ។ ឧទ្យានសមុទ្រ Stanley Park គឺជាកន្លែងផ្តល់ខ្យល់បរិសុទ្ធ និងទេសភាពមាត់សមុទ្របានយ៉ាងល្អ ដែលភ្ញៀវមកលេង អាចយកសាច់មកអាំង និយាយគ្នាលេងនៅទីនេះក៏បាន ព្រមទាំងអាចហែលទឹកបានទៀតផង។ នៅមានឆ្នេរ Trout Lake មួយទៀតដែលផ្តល់ កន្លឬងហែលទឹកយ៉ាងស្រស់ស្អាតបែបធម្មជាតិ ហើយទីនេះវាក៏ជាកន្លែងទាញយកអំបិល មកប្រើប្រាស់នៅក្នុងទីក្រុងផងដែរ។

 

6. ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី

 

ទីក្រុងស៊ីដនី គឺជាផ្ទះនៃកំពង់ផែធម្មជាតិ ដ៏ធំបំផុតនៅក្នុងពិភពលោក និងជាឆ្នេរសមុទ្រដ៏ល្អបំផុត នៅក្នុងប្រទេសអូស្ត្រាលី។ វាជាទីក្រុងនៃទឹក តែម្តង។ កន្លែងហែលទឹកល្បីៗភាគច្រើននៅតាមតំបន់ Bondi និង Clovelly Bay មានបណ្តោយ 350 ម៉ែត្រ និងទទឹង 60 ម៉ែត្រ ហើយក៏សំបូររលកធំៗផងដែរ។ ក្រៅពីនេះ នៅទិសខាងលិច នៃប្រទេសអូស្ត្រាលី ក៏មានរមណីយដ្ឋាន ដែលផ្តល់កន្លែងហែលទឹកជាច្រើនផងដែរ។

 

7. Lisbon, ប្រទេសព័រទុយហ្គាល់

 

តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅក្នុងទីក្រុង Lisbon នេះមាននៅឯ Carcavelos និង Guincho។ ទីនេះសំបូរទៅដោយ កន្លែងស្អាតៗ ទេសភាពល្អៗ និងកន្លែងស្នាក់នៅមួយចំនួនផងដែរ។

 

8. ទីក្រុងប៉ារីស, ប្រទេសបារាំង

 

ព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្នុងទីក្រុងប៉ារីស បានធ្វើឲ្យឆ្នេរទន្លេ Seine មានការផ្លាស់ប្តូរ និងការតែធំឡើងៗ។ ទីកន្លែងជាច្រើន អាងហែលទឹកមានការកើនឡើងជាងពីមុន និងសណ្ឋាគារមួយចំនួនចាប់ផ្តើមបង្កើតកន្លែងឲ្យភ្ញៀវអាចហែលទឹកបាន នៅក្នុងអាងហែលទឹក បែបឯកជន និងទំនើបរបស់ខ្លួន។ ជាក់ស្តែងបន្ទាប់ពីបានបិទទ្វារអស់រយៈពេលប្រមាណ 25 ឆ្នាំមក ពេលនេះសណ្ឋាគារដ៏ធំលំដាប់ផ្កាយប្រាំ Molitor ក៏បានជួសជុល តុបតែង និងបានបើកដំណើរការវិញតាំងពីឆ្នាំ 2014 មកម៉្លេះ ដែលផ្តល់ទាំងអាងហែលទឹក និងបន្ទប់មានដល់ 124 ជាមួយទេសភាពនៃទីធ្លាធំរបស់ Lido ផងដែរ។

 

9. ទីក្រុងញ៉ូវយក, សហរដ្ឋអាមេរិច

 

 

នៅក្នុងតំបន់ Five Boroughs មានអាងហែលទឹកជាច្រើន និងតំបន់ Astoria ក៏មានអាងទឹកអូឡាំពិក ដែលមានទំហំដល់ទៅ 50 ម៉ែត្រឯណោះ ហើយសម្រាប់អ្នកដែលចូលចិត្តហែលទឹកច្រើន កន្លែងដែលពេញនិយមជាងគេនោះគឺឧទ្យានកម្សាន្ត McCarren Park ដែលបានបើកដំណើរការតាំងពីឆ្នាំ 1936 មកម៉្លេះ។ តំបន់ដែលសំបូរអាងហែលទឹកទំនើបៗនៅក្នុងទីក្រុងញ៉ូវយ៉កនេះ មានដូចជា Astoria Park, West Shore of Queen, លាតសន្ធឹងពីភាគខាងត្បូងពីស្ពាន Triborough ទៅកាន់ភាគខាងជើងនៃស្ពាន Hell Gate ជាដើម។

 

10. ទីក្រុង Berlin, ប្រទេសអាឡឺម៉ង់

 

ទីក្រុងនេះជាផ្លូវដ៏វែងឆ្ងាយមួយភ្ជាប់ជាមួយនឹងសមុទ្រ និងជាពិសេសនៅតាមឆ្នេរ Wannsee។ នៅភាគខាងកើតមាន Muggelsee ដែលជាកន្លែងមាត់ឆ្នេរពុំសូវមានរលក និងជាកន្លែងក្មេងលេង។ លើសពីនេះ នៅក្នុងតំបន់ Badeschiff មានកន្លែងស្ពានឆ្លងសម្រាប់អ្នកដំណើរឆ្លងកាត់ ភ្ជាប់ជាមួយនឹងអាងហែលទឹក ប្រៀបបានដូចជាកន្លែងសម្រាកមួយអញ្ចឹង ដែលជិតនោះមានអង្រឹងចងរួចស្រាច់ និងស្រាបៀរក្លាស់សេ ត្រជាក់ៗកំពុងតែរង់ចាំផងដែរ។

 

សរុបទៅ ទីក្រុងល្បីៗទាំង 10 នេះបានផ្តល់កន្លែងហែលទឹកបានយ៉ាងល្អ គួបផ្សំជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ទៅតាមតំបន់ផងដែរ។ សម្រាប់ប្រិយមិត្តអ្នកអានវិញ តើពេញចិត្តមួយណាជាងគេដែរ?

 

ប្រភពមកពីhttps://edition.cnn.com/travel/article/worlds-best-swimming-cities/index.html