ប្រាសាទព្រហ្មកិល អតីតហោបន់ស្រន់ក្នុងសម័យអង្គរ កសាងឡើងនាចុងសតវត្សរ៍ទី ១២ បច្ចុប្បន្នកំពុងត្រូវបានជួសជុល ដើម្បីធ្វើឲ្យមានភាពរឹងមាំឡើងវិញ!


ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារជំនាញនាយកដ្ឋាន អភិរក្សប្រាសាទនិងបុរាណវិទ្យា ចាប់ផ្ដើមបន្តការងារ ជួសជុលប្រាសាទព្រហ្មកិល ដើម្បីធ្វើយ៉ាងណាឱ្យរចនាសម្ព័ន្ធ របស់ប្រាសាទទាំងមូល អាចងើបឈររឹងមាំឡើងវិញ។

ក្នុងនោះដែរ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុល ប្រាសាទព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានឱ្យដឹងថា ប្រាសាទព្រហ្មកិល បានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយថ្មខ្លះធ្លាក់កប់ដី និងនៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ ដើម្បីឱ្យរចនាសម្ព័ន្ធនៃប្រាសាទ បានរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញស្ថានភាព ខូចរាល់រួចរាល់ បច្ចុប្បន្នក្រុមអ្នកជំនាញ កំពុងធ្វើការងារជួសជុល ប្រាសាទព្រហ្មកិល ដោយចាប់ផ្តើមពីចុងខែសីហា ឆ្នាំ ២០២៣ មក។

លោកបានបន្តឲ្យដឹងទៀតថា ឈានចូលមកដល់ ដំណាក់កាលនេះ ក្រុមអ្នកជំនាញបានបន្ត ធ្វើកំណាយបុរាណវិទ្យា ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធ ផ្នែកខាងក្នុងនៃខឿនប្រាសាទ សិក្សាអំពីកម្ពស់ និងស្ថានភាពស្រុតរបស់ប្រាសាទ។ ទើបចាប់ផ្តើមចុះលេខរបស់ថ្ម រួចរើថ្មមួយចំនួនដែលនៅសល់ទាំងពីរជ្រុង គឺជ្រុងខាងកើត និងខាងជើង រួចបង់លេខថ្មទៅតាម ស្រទាប់នីមួយៗ ដើម្បីរើចេញ ទើបចាប់ផ្តើមពង្រឹងគ្រឹះតាំងពីក្រោម ឡើងទៅដល់ខាងលើ។

លើសពីនេះ បន្ទាប់ពីរើថ្មដល់ខឿន គ្រឹះប្រាសាទរួចរាល់ អ្នកជំនាញនិងសិក្សាបន្ថែមទៀត អំពីស្រទាប់ថ្ម ដើម្បីដឹងថា ផ្នែកណាមួយស្រុតខ្លាំងជាងគេ ឬពុកផុយជាងគេ ទើបចាប់ផ្តើម ធ្វើការពង្រឹងខឿនគ្រឹះ ដោយបន្ថែមថ្មបាយក្រៀមថ្មី ជំនួសថ្មចាស់ដែលពុកផុយ។ បើទោះបីជាយកថ្មីខ្លះៗ មកជំនួសថ្មចាស់ ប៉ុន្តែអ្នកជំនាញនឹងព្យាយាមធ្វើយ៉ាងណា ជួសជុលខឿនគ្រឹះរបស់ប្រាសាទ ទៅតាមលំនាំដើម។

គួរបញ្ជាក់ឲ្យដឹងដែរថា ប្រាសាទព្រហ្មកិល ជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង ៤ ជុំវិញក្រុងអង្គរធំ កសាងឡើងក្នុងរាជ ព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តសករាជ ប្រាសាទតូចមួយនេះ មានទីតាំងនៅផ្នែកខាងលិច ឈៀងខាងជើង នៃប្រាសាទអង្គរវត្ត។