ខេត្តសៀមរាម នឹងបង្កើតគោលដៅទេសចរណ៍ថ្មីចំនួន ៤ ដើម្បីទាក់ទាញទេសចរអន្តរជាតិឲ្យបាន ៧ លាននាក់ ក្នុងឆ្នាំ២០៣៥!

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកាន់ខេត្តសៀមរាប-អង្គរ ឲ្យបានប្រមាណ ៧ លាននាក់នៅក្នុងឆ្នាំ២០៣៥ តាមរយៈការបង្កើតគោលដៅទេសចរណ៍ធំៗថ្មីនៅជុំវិញអង្គរ និងបានដាក់ផែនការនេះ ចូលទៅក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ដនៅត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់កាលវិបត្តិ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០។ ឯកឧត្តម បានបញ្ជាក់ថា ផែនការមេរអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះ ត្រូវបានដាក់ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍រួចរាល់ហើយ ក្នុងនោះក្រសួងទេសចរណ៍ ក៏កំពុងរៀបចំកែសម្រួលឲ្យវាខ្លីជាងមុន ដើម្បីត្រៀមដាក់ជូនរដ្ឋាភិបាលពិនិត្យនិងអនុមត្តិ នៅពេលខាងមុខ។

ចំណែកគម្រោងនៃការបង្កើតគោលដៅទេសចរណ៍ធំៗថ្មីចំនួន ៤ នឹងត្រូវបង្កើតឡើងនៅតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។ ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់អគារខ្ពស់ៗ ឬសំណង់ប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌នោះទេ។ ឯកឧត្តម បញ្ជាក់ថាក្រុងសៀមរាបថ្មី នឹងត្រូវរៀបចំប្លង់ជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទាំងមូលត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ និងស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សរា។ 

ចំពោះផែនការទាក់ទាញទេសចរអន្តរជាតិឲ្យបាន ៧ លាននាក់នៅឆ្នាំ២០៣៥ នេះ ត្រូវបានរំពឹងថានឹងអាចបង្កើតការងារផ្ទាល់ប្រមាណ ៩០ ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ ៥ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ ហើយចក្ខុវិស័យនេះ នឹងត្រូវបង្កើតទីក្រុងសៀមរាបថ្មី ដោយសារទីក្រុងសៀមរាបបច្ចុប្បន្នមិនអាចទ្រទ្រង់បានគ្រប់គ្រាន់ឡើយ។