អង្គការសហប្រជាជាតិ ព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក ៤.៧% នៅឆ្នាំ២០២១!

ទីក្រុងហ្សឺណែវ៖ នៅក្នុងខែមីនា ឆ្នាំ២០២១ អង្គការសហប្រជាជាតិបានតម្លើងការព្យាការណ៍កំណើនសេដ្ឋកិច្ចពិភពលោកឡើងដល់ ៤.៧% នៅក្នុងឆ្នាំ២០២១ ខ្ពស់ជាងការព្យាករណ៍ពីមុន ដែលដាក់ត្រឹម ៤.៣% ប៉ុណ្ណោះ ដោយសារតែមើលឃើញភាពងើបឡើងវិញនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិច ក្នុងរបាយការណ៍ U.N. Conference of Trade and Development (UNCTAD) តាមរយៈកំណើនឡើងនៃតម្រូវការបញ្ជាទិញទំនិញ និងការលក់វ៉ាក់សាំងទៅបរទេសជាដើម។ 

អង្គការសហប្រជាជាតិ បានមើលឃើញថា សេដ្ឋកិច្ចពិភពលោក បានវិលត្រលប់ទៅភាពប្រសើរឡើងវិញ ចាប់ពីត្រីមាសទី៣ នៃឆ្នាំ២០២០ រហូតមកដល់ត្រីមាសទី១ ឆ្នាំ២០២១ ប៉ុន្តែស្ថិតក្នុងស្ថានភាពប្រសើរមិនដូចគ្នាឡើយ ហើយក៏មិនមានស្ថេរភាពមិនទាន់ច្បាស់លាស់នោះដែរ។ យ៉ាងណាមិញ នៅដើមឆ្នាំនេះគេសង្កេតឃើញវិស័យថាមពលកំពុងមានកំណើនឡើងខ្ពស់ ដែលតម្រូវឲ្យប្រទេសនៅអារ៉ាប់ចាប់ផ្ដើមផលិតប្រេងក្នុងបរិមាណច្រើន ការបញ្ជាទិញទំនិញចាប់ផ្ដើមមានតម្រូវការឡើងវិញ ចំណែកពាណិជ្ជកម្មពិភពលោកក៏ប្រសើរឡើងផងដែរ។ សូម្បីតែអង្គការសហប្រតិបត្តិនិងអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក OECD ក៏បានតម្លើងការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកឡើងដល់ ៥.២% នៅក្នុងឆ្នាំ២០២១ នេះដែរ។

កាលពីឆ្នាំ២០២០ កន្លងទៅសេដ្ឋកិច្ចពិភពលោក ត្រូវបានគេព្យាករណ៍មានការធ្លាក់ចុះ -៣.៩% ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ និងដាក់ពិភពលោកឲ្យស្ថិតក្នុងដំណាក់កាល lockdown បណ្ដាលឲ្យសកម្មភាពសេដ្ឋកិច្ចថយចុះជាលំដាប់ ប៉ះពាល់ខ្លាំងទៅដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ ក្នុងរបាយការណ៍របស់ UNCTAD ខាងលើមើលឃើញថា សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២១ ក៏ស្ថិតក្នុងសភាពមិនច្បាស់លាស់នោះដែរ ព្រោះជំងឺកូវីដ-១៩ កំពុងរាតត្បាតទៅតាមតំបន់ គ្រាន់តែប្រសើរជាងឆ្នាំមុនច្រើន ដោយសារតែយើងមានលទ្ធភាពផលិតវ៉ាក់សាំងសម្រាប់ទប់ស្កាត់ មនុស្សជាតិមានការយល់ដឹងច្រើនពីវិធានការទប់ស្កាត់ ហើយសកម្មភាពសេដ្ឋកិច្ចបានងើបឡើងវិញជាបន្ដបន្ទាប់។