ស្ថាបត្យករ Smiljan Radić បង្កើតសាលមហោស្រពពពុះថ្លាសម្រាប់ការសម្តែងរបស់ Alexander McQueen

ស្ថាបត្យករជនជាតិឈីលីឈ្មោះ Smiljan Radić បានរចនាសាលមហោស្រពសម្ដែងមួយនៅតំបន់ចំណតរថយន្តនៃទីក្រុង Tobacco Dock សម្រាប់ជាកន្លែងសម្ដែងក្នុងឆ្នាំ ២០២២ របស់ Alexander McQueen ។ រចនាសម្ព័ន្ធនេះក៏ជាការបង្ហាញជាលើកដំបូងរបស់លោក Smiljan Radić នៅទីក្រុងឡុងដ៍បន្ទាប់ពីការបាត់មុខអស់រយៈពេល ២០ ឆ្នាំផងដែរ។

ចំណែកការសម្ដែងនេះមានចំណងជើងថា London Skies ត្រូវបានធ្វើឡើងនៅក្នុងរចនាសម្ព័ន្ធមួយដែលមានការរចនារូបរាងដូចដុំពពកថ្លានៅលើដំបូលចំណតរថយន្ត ១០ ជាន់នៅខាងកើតទីក្រុងឡុងដ៍។ ក្នុងការរចនានេះដែរ ក៏មានអ្នកជំនាញខាងរចនាសម្ពន្ធ័ ES Global និងទីភ្នាក់ងារច្នៃប្រឌិត Gainsbury &Whiting បានចូលរូមធ្វើការយ៉ាងជិតស្និទ្ធជាមួយ Radić ផងដែរដើម្បីត្រួតពិនិត្យការបង្កើតនិងការប្រឌិតនៃកន្លែងដាក់តាំង។

រចនាសម្ព័ន្ធនេះត្រូវបានធ្វើឡើងពីជ័រប្លាស្ទិចដែលបានបំប៉ោងវាឲ្យធំបន្ទាប់មកធ្វើការរុំព័ទ្ធដោយជង្រឹងដែកដើម្បីឲ្យមើលទៅដូចដុំពពកដ៏ធំមួយ។ នៅខាងក្នុងនៃរចនាសម្ព័ន្ធនេះមានកៅអីចំនួនពីរជួរដែលរៀបចំជារង្វង់សម្រាប់ជាកន្លែងអង្គុយរបស់ទស្សនិកជន។ នៅចំកណ្តាលនៃរង្វង់កៅអីមានកាំជណ្តើរមួយចុះទៅក្រោមនៃវេទិកាឆាកសម្រាប់ឲ្យអ្នកសម្តែងចេញចូល។

ចំណែកឯគោលបំណងនៃការរចនាកន្លែងសម្តែងបែបនេះឡើងគឺដើម្បីផ្ដល់ភាពងាយស្រួលដល់ការផ្លាស់ប្ដូរទីតាំងសម្ដែង ជាពិសេសការដឹកជញ្ជូន និងប្រើប្រាស់ឡើងវិញក្នុងឱកាសផ្សេងៗរួមទាំងការអប់រំ និងព្រឹត្តិការណ៍វប្បធម៌។