ឧស្ម័នផ្ទះកញ្ចក់របស់ EU កើនឡើងជិតមួយភាគប្រាំ បន្ទាប់ពីមានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់

យោងតាមទិន្នន័យពីការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប បានឱ្យដឹងថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីបណ្តាប្រទេសនៅសហភាពអឺរ៉ុបបានកើនឡើងប្រមាណជាង 18% កាលពីនិទាឃរដូវឆ្នាំមុន ដោយសារវិស័យសេដ្ឋកិច្ចទាំងអស់បានស្ទុះងើបឡើងវិញ ជាពិសេសវិស័យឧស្សាហកម្ម និងផ្ទះកញ្ចក់បានបញ្ចេញឧស្ម័នដែលបង្កគ្រោះថ្នាក់កាន់តែច្រើនទៅក្នុងបរិយាកាស ខណៈដែលមានការធ្លាក់ចុះបន្ដិចបន្ដួចកាលពីពេលបិទប្រទេសដោយសារជំងឺរាតត្បាតកន្លងទៅ។

គណៈកម្មការត្រួតពិនិត្យឧស្ម័នផ្ទះកញ្ចក់ Eurostat បាននិយាយថាការបំភាយឧស្ម័នសរុបមានចំនួន 867 លានតោននៃសមមូល CO2 ចាប់ពីខែមេសាដល់ខែមិថុនា ដែលជាការកើនឡើងយ៉ាងខ្លាំងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលការបិទទ្វារនៅទូទាំងតំបន់បាននាំមកនូវការបំភាយឧស្ម័នដល់កម្រិតទាបបំផុតដែលមិនធ្លាប់មាន។ ទោះជាយ៉ាងណាក៏ដោយ Eurostat បានបន្ថែមទៀតថា កម្រិតបំភាយនៅតែទាបជាងត្រីមាសមុនពេលមានជំងឺរាតត្បាតកាលពីឆ្នាំ 2020 ផងដែរ ហើយពួកគេរំពឹងថាកម្រិតនៃការបំភាយនេះនឹងអាចថយចុះជាលំដាប់បន្ថែមទៀតនៅពេលខាងមុខទៅចុះ។

គួរបញ្ជាក់ផងដែរថា វិស័យផលិតកម្ម និងសំណង់ គឺទទួលខុសត្រូវចំពោះការបំភាយឧស្ម័នច្រើនជាងគេដោយមានចំនួនមួយភាគបី ដែលជាចំណែកដ៏ធំបំផុត ហើយត្រូវបានគេរកឃើញមានកម្រិតកើនឡើង 22% ពីឆ្នាំ 2020 ខណៈដែលវិស័យផ្គត់ផ្គង់អគ្គិសនីមានការបំភាយកើនឡើង 17% ហើយវិស័យកសិកម្មនៅតែមានស្ថិរភាពដដែល។ ក្នុងនោះផងដែរ គ្រួសារធម្មតាក៏បានចូលរួមចំណែកស្ទើរតែមួយភាគប្រាំនៃការបំភាយឧស្ម័ន ដែលភាគច្រើនដោយសារតែកាបូនដែលទាក់ទងនឹងការដឹកជញ្ជូនរបស់ពួកគេ ដែលបានកើនឡើង 25% ធៀបនឹងឆ្នាំមុន ហើយកំដៅកើនឡើង 42% ផងដែរ។