ស្ទូឌីយោខ្នាតយក្ស រចនាបែបផ្ទាំងកញ្ចក់ប្រដេញពន្លឺ នឹងចាប់កំណើតនៅទីក្រុងញូវយ៉ក នាឆ្នាំ២០២៣

សំណង់អគារមានរចនាបទប្រៀបបានដូចជាយកកញ្ចប់ផ្ទាំងធំៗ មកតម្រៀបផ្គុំចូលគ្នាថ្មីមួយ នឹងចាប់កំណើតនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក នាពេលដ៏ខ្លីខាងមុខនេះ ជាប្រភេទស្ទូឌីយោខ្នាតយក្សដ៏ធំមួយ សម្រាប់បម្រើការទៅដល់ការផលិតវីដេអូ និងខ្សែភាពយន្តខ្នាតធំ ការថតកម្មវិធីកំសាន្ត សម្រាប់ចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ អេក្រង់កុំព្យូទ័រ ស្មាតហ្វូន និងថេប្លេត ជាដើម។

អគារស្ទូឌីយោ មានឈ្មោះហៅជាផ្លូវការថា Wildflower Studio ត្រូវបានឌីហ្សាញឡើងដោយក្រុមស្ថាបត្យករ Bjarke Ingels Group សរុប ៧ ជាន់ កម្ពស់ ៤១ម៉ែត្រ  និងមានផ្ទៃក្រឡាសរុបប្រមាណជា ៦០,៤០០ ម៉ែត្រក្រឡា គឺជាការកសាងនូវស្នាដៃសិល្បៈដ៏អស្ចារ្យមួយសម្រាប់វិស័យកំសាន្ត នៅពេលដែលតម្រូវការផលិតវីដេអូ ការថតខ្សែភាពយន្តខ្នាតធំ ក៏ដូចជាស្ទូឌីយោសម្រាប់ថត និងរៀបចំការផ្សាយបន្តផ្ទាល់ផ្សេងៗទៀត បានកំពុងកើនឡើងនៅសហរដ្ឋអាមេរិក។ 

សំណង់អគារនេះមិនត្រឹមតែមានរូបរាងចម្លែក និងទាក់ទាញពីខាងក្រៅប៉ុណ្ណោះទេ តែរចនាបទនៃការរៀបចំគឺប្រដេញទៅនឹងពន្លឺភ្លើង និងកាំរស្មីព្រះអាទិត្យ គឺមិនធ្វើឱ្យអគារនេះហៅស្ងៀតនោះឡើយ ជាការបង្កើននូវភាពទាក់ទាញដ៏ស្រស់ស្អាត និងប្លែកមួយក្នុងតំបន់។ ការបង្កើតឱ្យមានភាពទាក់ទាញនេះ ក្រុមស្ថាបត្យករ បានប្រើប្រាស់បន្ទះប៊េតុង តំរៀបតៗគ្នា និងមានលាបពណ៌បន្ថែមដើម្បីបង្កើនចំណាំងផ្លាត អមមកជាមួយនឹងច្រកទ្វារធំចំនួន ២ ដើរតួនាទីជាផ្លូវខ្យល់ចេញចូល សម្រាប់ផ្គត់ផ្គង់ទៅដល់ផ្ទៃខាងក្នុងអគារ។

នៅផ្នែកខាងក្រៅមានការរៀបចំសួនច្បារ ជាប់ទៅនឹងដងទន្លេសំរាប់សំរាកខួរក្បាល ស្រូបយកខ្យល់អាកាស ទទួលទានអាហារ និងភេសជ្ជៈជាដើម។ The Wildflower Studio ក្រៅពីមានបន្ទប់សម្រាប់ផលិតវីដេអូ ខ្សែភាពយន្ត និងផលិតសម្លេង ក៏មានជាទីតាំងការិយាល័យការងារ បន្ទប់ហាត់ប្រាណ កន្លែងលក់ភេសជ្ជៈ អាហារដ្ឋាន និងកន្លែងទទួលទានស្រវឹងផងដែរ ដែលសម្រួលទៅដល់ក្រុមការងារ នៅពេលបំពេញការងារផលិតវីដេអូផ្សេងៗ។

គួរបញ្ជាក់ថា គម្រោងសាងសង់អគារស្ទូឌីយោខ្នាតយក្សមួយនេះ នឹងចំនាយថវិការសាងសង់ប្រមាណជា ៦០០ លានដុល្លារអាមេរិក ត្រៀមបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ ដែលមានទីតាំងស្ថិតនៅសង្កាត់ Astoria ស្ថិតនៅភាគខាងជើងឈាងខាងលិចតំបន់ Queens នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ គម្រោងនេះត្រូវបានសន្មត់ថានឹងបញ្ចប់ការសាងសង់ជាស្ថាពរនាចុងឆ្នាំ ២០២៣ ខាងមុខ ដោយនឹងបង្កើតការងារបន្ថែមជាង ១ ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ៕