ឥនទានបន្ថែមប្រមាណ ៣៥ លានដុល្លារ ត្រូវបានអនុម័តដោយ ធនាគារពិភពលោក ប្រគល់ជូនកម្ពុជា ក្នុងកិច្ចការងារ កែលម្អផ្លូវថ្នល់ដែលធន់នឹងអាកាសធាតុ នៅក្នុងខេត្តចំនួន៣


ភ្នំពេញ៖ ធនាគារពិភពលោកបានអនុម័ត ឥណទានបន្ថែមចំនួន៣៥ លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់ការកែលម្អផ្លូវជនបទ ដែលធន់នឹងអាកាសធាតុ នៅក្នុងខេត្តចំនួនបី នេះបើយោងតាម សេចក្តីរាយការណ៍ព័ត៌មាន កាលពីថ្ងៃ ១៦ មីនាកន្លងទៅ។

ជាក់ស្តែង ឥនទានបន្ថែមនេះ នឹងគាំទ្រដល់គម្រោង កែលម្អការតភ្ជាប់ផ្លូវនៅកម្ពុជា ដើម្បីកែលម្អផ្លូវដែលធន់នឹងអាកាសធាតុ តភ្ជាប់ទៅកាន់តំបន់ទីផ្សារ សេវាសុខភាព និងសាលារៀនទូទាំងខេត្តក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។

គូសសម្គាល់ថា ខេត្តទាំងបីមានប្រជាជនជាង ២ លាននាក់ ដែលក្នុងនោះ ៨០% រស់នៅក្នុងតំបន់ជនបទ ដោយបន្ថែមថា គម្រោងកែលម្អការតភ្ជាប់ផ្លូវនៅកម្ពុជា ត្រូវបានអនុម័តនៅក្នុងខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារ។

យ៉ាងណា ឥណទានបន្ថែមនេះ នឹងជួយចំណាយលើ ថ្លៃគម្រោងដែលគេរំពឹងទុកនានា ជាចម្បងសម្រាប់ កិច្ចសន្យាការងារផ្លូវថ្នល់ ដោយបន្ថែមថាអតិផរណាខ្ពស់ និងតម្លៃកើនឡើង នៃធាតុចូលសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ និងកៅស៊ូ (bitumen) ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យមាន ការចំណាយខ្ពស់ជាងការប៉ាន់ស្មាន នៅឆ្នាំ២០១៩ មុនពេលការអនុម័តគម្រោងដើម។

បន្ថែមពីនេះ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្ននេះ ការងារជួសជុលផ្លូវ កំពុងដំណើរការលើផ្លូវជាតិ និងផ្លូវខេត្តគោលដៅចំនួន ១៣០ គីឡូម៉ែត្រ និងផ្លូវជនបទគោលដៅចំនួន ១៤២ ក្នុងចំណោម ២៧០ គីឡូម៉ែត្រ។

ប្រធានប្រចាំប្រទេស របស់ធនាគារពិភពលោកនៅកម្ពុជា លោកស្រី Maryam Salim បានមានប្រសាសន៍ថា “លទ្ធភាពទទួលបានសេវាសុខភាព និងសាលារៀន និងការផ្លាស់ប្តូរទំនិញ ទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សាបាន បង្កបញ្ហាប្រឈមយ៉ាងខ្លាំង សម្រាប់ប្រជាជនកម្ពុជា នៅតាមតំបន់ជនបទ”។

លោកស្រីបានបន្ថែមថា “ស្ថានភាពផ្លូវមិនល្អ ការរំខានដែលបណ្តាលមកពីទឹកជំនន់ និងថ្លៃដឹកជញ្ជូនខ្ពស់ ក៏ជាឧបសគ្គចម្បងក្នុង ការទទួលបានការថែទាំសុខភាព និងការសង្គ្រោះបន្ទាន់សម្រាប់ស្រ្តីមានផ្ទៃពោះ”។

គូសបញ្ជាក់ថា គម្រោងនេះកំពុងអនុវត្តដោយក្រ សួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ។