អាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាប-អង្គរ ទទួលជើងហោះហើរជាមធ្យមប្រមាណ ៥០ជើង និងមានអ្នកដំណើរឆ្លងកាត់ប្រហែល ៥ពាន់នាក់ក្នុង១ថ្ងៃ!


សៀមរាប៖ មន្ត្រីទទួលបន្ទុកផ្នែកគ្រប់គ្រង ជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាប-អង្គរ លោក ពេជ្រ សោភណ្ឌតារា បានឲ្យដឹងថា ចំនួនអ្នកដំណើរឆ្លងកាត់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានបន្តកើនឡើងដល់កម្រិត ខ្ពស់បំផុតប្រហែល ៥០០០ នាក់ក្នុងមួយថ្ងៃ លើជើងហោះហើរចំនួនជាមធ្យម ៥០ជើង កើនឡើងពី ២៦០០ នាក់ កាលពីខែតុលាឆ្នាំមុន។

ជាក់ស្តែង លោកបានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងដំណើរទស្សនៈកិច្ច រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ទៅកាន់ខេត្តសៀមរាប កាលពីសប្តាហ៍មុនថា បច្ចុប្បន្ន អាកាសយានដ្ឋានទទួល ជើងហោះហើរពីប្រទេសចំនួន ៦ មកពីតំបន់អាស៊ាន និងពីរជើងមកពីប្រទេសចិន និងកូរ៉េខាងត្បូង។

ក្នុងចំណោមជើងហោះហើរទាំងនោះ ប្រទេសថៃ និងវៀតណាមកំពុងនាំមុខគេ ដែលមានជើងហោះហើរច្រើន។ លោកបានបន្ថែមថា អាកាសយានដ្ឋាននឹងពិភាក្សា ជាមួយក្រុមហ៊ុនអាកាសចរណ៍ មកពីប្រទេសចិន កូរ៉េខាងត្បូង និងទិសដៅផ្សេងទៀតផងដែរ ដើម្បីបង្កើនជើងហោះហើរ។

បន្ថែមពីនេះដែរ លោកបានអោយដឹងទៀតថា “យើងក៏នឹងពិភាក្សាជាមួយ ក្រុមហ៊ុនអាកាសចរណ៍ លើការហោះហើរផ្លូវឆ្ងាយ ទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលនេះអាស្រ័យលើតម្រូវការ”។

គួររម្លឹកដែរថា  អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១៦ ខែតុលា។

ក្នុងនាមជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ថ្នាក់ 4E ដែលអាចទទួលជើងហោះហើរ ពីជុំវិញពិភពលោក ជាមួយនឹងផ្លូវរត់ប្រវែង ៣៦០០ ម៉ែត្រ និង៣៨ចំណត អាកាសយាន្តដ្ឋាននេះ អាចទទួលអ្នកដំណើរ៧លាននាក់ ក្នុងមួយឆ្នាំ ហើយត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាព ទទួលអ្នកដំណើររហូតដល់ ១២លាននាក់ក្នុងមួយឆ្នាំពីឆ្នាំ២០៤០។

អាកាសយានដ្ឋានថ្មីនេះ ក៏មានសមត្ថភាពទទួលទំនិញ តាមអាកាសបាន ១០ ០០០ តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ដែលនឹងកើនឡើងដល់ ២៦ ០០០ តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០។ លើសពីនេះ អាកាសយានដ្ឋានអាច ទទួលជើងហោះហើរបាន ៦៥ ៨០០ ជើង ក្នុងមួយឆ្នាំនៅឆ្នាំ២០២៣ ដោយកើនឡើងរហូតដល់ ១១២ ៧០០ ជើងក្នុងមួយឆ្នាំពីឆ្នាំ ២០៤០។