កម្ពុជា ទទួលបានទុនវិនិយោគដំបូងចំនួន ១២០ លានដុល្លារ លើគម្រោងអគ្គិសនីមេគង្គ តម្លៃ៦០០លានដុល្លារ!


ភ្នំពេញ៖ គម្រោងអគ្គិសនីរបស់កម្ពុជាដ៏ធំ ដែលត្រូវបានគេស្គាល់ថាជា “គម្រោងអគ្គិសនីមេគង្គ” ដែលត្រូវចំណាយថវិកាសរុបចំនួន ៦០០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ទទួលបានកញ្ចប់ជំនួយដំបូងចំនួន ១២០លានដុល្លារ ដែលបានមកពីដៃគូពាណិជ្ជកម្ម របស់ធនាគារពហុភាគី ដ៏សំខាន់មួយ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ គម្រោងនេះកំពុងត្រូវបានដាក់ ឱ្យដំណើរការសម្រាប់អ្នកវិនិយោគ ដោយផ្តោតលើគម្រោង ថាមពលកកើតឡើងវិញ ពីប្រទេសសិង្ហបុរី និងហុងកុង។ ដោយឡែកកញ្ចប់ថវិកាចំនួន១២០ លានដុល្លារផ្សេងទៀត សម្រាប់គម្រោងនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការចរចា។ “ការផ្តល់ថាមពលរបស់កម្ពុជា” នេះ ត្រូវបានគាំទ្រដោយ Belt and Road Capital Partners ដែលកំពុងកៀរគរមន្ត្រីរដ្ឋាភិបាល វិនិយោគិនសាជីវកម្ម និងអ្នកផ្គត់ផ្គង់ឧបករណ៍ និងសេវាកម្ម។

ក្នុងនោះដែរ ទីប្រឹក្សាពិសេសជាន់ខ្ពស់ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត Digby James Wren បាននិយាយថា គំនិតផ្តួចផ្តើមនេះនឹងសម្រេចបាន នូវគោលបំណងមួយចំនួន នៃផែនការមេឆ្នាំ២០៣០ និងយុទ្ធសាស្ត្របញ្ចកោណឆ្នាំ២០២៥ របស់រដ្ឋាភិបាលកម្ពុជា។ ផែនការទាំងពីរនេះមានគោលដៅ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងរាជធានីខេត្ត។ “សក្តានុពលសម្រាប់នាវា ដឹកជញ្ជូនតាមដងទន្លេនិងកប៉ាល់ដឹកទំនិញ ប្រើថាមពលអគ្គិសនី នៅអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា គឺមានសារៈសំខាន់ ដោយសារ បណ្តាញដឹកជញ្ជូនតាមទន្លេ តំបន់ឆ្នេរសមុទ្រ និងតំបន់ពឹងផ្អែកលើ ការដឹកជញ្ជូនតាមផ្លូវសមុទ្រសម្រាប់ការធ្វើជំនួញ និងពាណិជ្ជកម្ម”។

ជាក់ស្តែង ក្នុងដំណាក់កាលទី១នៃគម្រោងនេះ នឹងមានការដំឡើង បន្ទះស្រូបពន្លឺព្រះអាទិត្យរហូតដល់ ១០០មេហ្កាវ៉ាត់ ជាមួយនឹងដំណោះស្រាយ ការផ្ទុកថ្មអគ្គិសនីបន្ថែម (LFP)។ ការចែកចាយនិងខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់ការបញ្ចូលថាមពលអគ្គិសនី នឹងត្រូវបានដាក់នៅជាប់នឹង កំពង់ផែក្រុងភ្នំពេញ ដែលស្ថិតក្រោមក្រសួងដឹកជញ្ជូន ឆ្លងកាត់ទន្លេមេ និងដៃទន្លេមេគង្គ។

ដំណាក់កាលទី១នៃគម្រោងនេះ ក៏នឹងពិនិត្យមើលការបង្កើត កប៉ាល់ដឹកទំនិញ ដែលផ្លាស់ប្តូរថាមពល (cargo vessel conversion) និងការសាងសង់នៅ មជ្ឈមណ្ឌលភស្តុភារសំខាន់ៗ ដូចជានៅរាជធានីភ្នំពេញ កំពត និងខេត្តព្រះសីហនុ ផងដែរ។

បន្ថែមពីនេះ នៅថ្ងៃអនាគត ដំណាក់កាលទី២ នៃគម្រោងនឹងផ្តោតលើ ការដាក់ឱ្យប្រើប្រាស់នូវ កុងតឺន័រដែលមានទំហំ ២០ និង ៤០ ហ្វីត (ឬសមមូល) សម្រាប់ចែកចាយសម្ភារៈ សម្រាប់គ្លីនិក ថ្នាក់រៀន ការធ្វើប្រព្រឹត្តកម្មទឹក កែច្នៃអាហារ ការផលិតពន្លឺ ព្រមទាំងសេវាកម្មសំខាន់ៗ និងទំនិញសាធារណៈផ្សេងទៀត។
ចុងក្រោយនៃ ដំណាក់កាលទី៣ សម្រាប់គម្រោងនេះ នឹងតភ្ជាប់បន្ទះស្រូប ពន្លឺព្រះអាទិត្យចំនួន១០០មេហ្កាវ៉ាត់ ពីដំណាក់កាលទី១ និងមជ្ឈមណ្ឌលស្តុកថាមពលបន្ថែម ទៅកាន់បណ្តាញជាតិ។

យ៉ាងណា គម្រោងខ្សែក្រវាត់សេដ្ឋកិច្ចមេគង្គនេះ ក៏នឹងពិនិត្យមើល ការផ្តល់ថាមពលអគ្គិសនី នៃគ្រឿងចក្រកែច្នៃ និងកសិកម្ម ដើម្បីកាត់បន្ថយ ការបង្កើតកាកសំណល់ និងមានផែនការ កែច្នៃម្ហូបអាហារនៅជិត កំពង់ផែអគ្គិសនី ដើម្បីឲ្យមានតម្លៃបន្ថែម លើទំនិញដែលផ្តោតលើ ការនាំចេញផងដែរ។

ប្រភព៖ ខ្មែរថាមន៍