JCI បានសហការជាមួយ ប៉េង ហួត គ្រុប ក្នុងការបង្កើតកម្មវិធីរត់សប្បុរសធម៌ Fun Mini Marathon ដោយមានអ្នកចូលរួមប្រមាណជាង ៣០០ នាក់ ដើម្បីរៃអង្គាសថវិកា ជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ!


កម្មវិធីរត់ Fun Mini Marathon ត្រូវបានរៀបចំឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិ (JCI) សាខាច្បារអំពៅ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងគោលបំណងរៃអង្គាសថវិកា ជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។

ក្នុងពេលជាមួយគ្នានេះដែរ កម្មវិធីនេះក៏ចូលរួម លើកកម្ពស់ការរត់កម្សាន្ត ដើម្បីសុខភាព មិត្តភាព និង សាមគ្គីភាពផងដែរ។ គួរឲ្យដឹងដែរថា កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើង នៅទីតាំង សួន អេកូ ផាក នៃគម្រោង ដឹស្ដា ផ្លាទីនីម អេកូ ខូលិកសិន ស្ថិតក្នុងបុរី  ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម  (បឹងស្នោ) នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។      

គួរឲ្យដឹងដែរថា ប៉េង ហួត គ្រុប បានសហការជាមួយ ដៃគូជាច្រើនក្នុងការរៀបចំ កម្មវិធីសប្បុរសធម៌ (CSR) ផ្សេងៗដូចជា កម្មវិធីរត់ដើម្បីសប្បុរសធម៌ រត់ដើម្បីសុខភាពក្នុងសហគមន៍ កម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត កម្មវិធីពង្រឹងសុខុមាលភាពផ្លូវចិត្តនានា ទាក់ទងនឹងការបរិច្ចាគ ព្រមទាំងកៀរគរថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រសេវាព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា។

ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ហើយកម្មវិធី Fun Mini Marathon នេះគឺស្ថិតក្រោមការងារសង្គម នៃបង្គោលទី៣ ដោយផ្ដោតលើការរួមចំណែក លើកកម្ពស់សុខុមាលភាពក្នុងការរស់នៅ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងយោធិនពិការ ការសាងសង់មន្ទីរពេទ្យ វត្តអារាម និងការយកចិត្តទុកដាក់បរិច្ចាគ ដល់កន្លែងដែលមាន ជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រ ដើម្បីចូលរួមក្នុងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា។